ព្រះត្រៃបិដក ភាគ ៤៥
បុគ្គលអ្នកសំដែង នូវធម្មវិន័យ ដែលព្រះតថាគតទ្រង់ប្រកាសហើយ រកបានដោយកម្រក្នុងលោក ១ បុគ្គលអ្នកដឹងនូវធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ រកបានដោយកម្រក្នុងលោក ១ បុគ្គលអ្នកដឹងនូវធម្មវិន័យ ដែសព្រះតថាគតប្រកាសហើយ សំដែងហើយៗ ប្រតិបត្តិធម៌ តាមគួរដល់ធម៌ រកបានដោយកម្រក្នុងលោក ១ បុគ្គលអ្នកដឹងឧបការគុណដែលបុគ្គលដទៃធ្វើហើយ ធ្វើតបវិញ រកបានដោយកម្រក្នុងលោក ១។ ម្នាលលិច្ឆវីទាំងឡាយ ការកើតប្រាកដ នៃរតនៈទាំង ៥ នេះឯង រកបានដោយកម្រក្នុងលោក។
[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងតិកណ្ឌកីវន (ព្រៃខ្នុរ ៣ ដើម) ជិតក្រុងសាកេត។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើម តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា មិនគួរខ្ពើម ក្នុងអារម្មណ៍ដែលគួរខ្ពើម តាមកាលគួរ ជាការប្រពៃ
ID: 636853875794068754
ទៅកាន់ទំព័រ៖