ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើមផង ក្នុងអារម្មណ៍គួរខ្ពើមផង តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា មិនគួរខ្ពើម ក្នុងអារម្មណ៍ដែលគួរខ្ពើមផង ក្នុងអារម្មណ៍ដែលមិនគួរខ្ពើមផង តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរវៀរលែងនូវអារម្មណ៍ទាំងពីរនោះ គឺអារម្មណ៍មិនគួរខ្ពើម និងអារម្មណ៍គួរខ្ពើម ចេញហើយ មានស្មារតីដឹងខ្លួន តាំងនៅជាកណ្តាល តាមកាលគួរ ជាការប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ គប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើម ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើម ព្រោះអាស្រ័យអំណាចប្រយោជន៍នេះថា រាគៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីត្រេកអរឡើយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ គប្បីសំគាល់ថា មិនគួរខ្ពើម ក្នុងអារម្មណ៍ដែលគួរខ្ពើម ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។
ID: 636853875984199629
ទៅកាន់ទំព័រ៖