ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ គប្បីវៀរលែងនូវអារម្មណ៍ទាំង ២ នោះ គឺអារម្មណ៍មិនគួរខ្ពើម និងគួរខ្ពើមចេញហើយ មានស្មារតីដឹងខ្លួន តាំងនៅជាកណ្តាល ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីវៀរលែងនូវអារម្មណ៍ទាំង ២ នោះ គឺអារម្មណ៍មិនគួរខ្ពើម និងគួរខ្ពើមចេញ មានស្មារតីដឹងខ្លួន តាំងនៅជាកណ្តាល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះថា រាគៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីត្រេកអរបន្តិចបន្តួច ក្នុងអារម្មណ៍នីមួយ ក្នុងប្រទេសណាមួយឡើយ ទោសៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីប្រទូស្តបន្តិចបន្តួច ក្នុងអារម្មណ៍នីមួយ ក្នុងប្រទេសណាមួយឡើយ មោហៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីវង្វេងបន្តិចបន្តួច ក្នុងអារម្មណ៍នីមួយ ក្នុងប្រទេសណាមួយឡើយ។
[៤៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង ដូចជាគេនាំទៅទម្លាក់ក្នុងនរក។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺបុគ្គលអ្នកសំឡាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ១ ប្រកបដោយហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង ដូចជាគេនាំទៅទម្លាក់ក្នុងនរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង ដូចជាគេនាំទៅដាក់ក្នុងស្ថានសួគ៌។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។
ID: 636853876395163135
ទៅកាន់ទំព័រ៖