ព្រះត្រៃបិដក ភាគ ៤៥
មិនជាសឹកសត្រូវ ក្នុងពួកភិក្ខុជាប្រធាន ១ មិនត្រេចទៅក្នុងទីឆ្ងាយ និងទីមិនមានកំណត់រឿយៗ ១ ជាអ្នកអង់អាច ដើម្បីពន្យល់ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរគប់រកយកជាមិត្របាន។
[៤៧] ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទាននេះ មាន ៥ យ៉ាង។ អសប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយមិនគោរព (ក្នុងទេយ្យធម៌) ១ ឲ្យទានដោយមិនធ្វើនូវសេចក្តីគោរព (ក្នុងបដិគ្គាហក) ១ មិនឲ្យដោយដៃខ្លួន ១ ឲ្យទានដូចជាបោះចោល ១ ឲ្យទានដោយឃើញថាមិនឲ្យផល ១។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទាន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយគោរព ១ ឲ្យដោយធ្វើនូវសេចក្តីគោរព ១ ឲ្យទានដោយដៃខ្លួនឯង ១ ឲ្យទានមិនដូចជាបោះចោល ១ ឲ្យទានដោយឃើញថាឲ្យផល ១។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន មាន ៥ យ៉ាងនេះឯង។
ID: 636853876922643305
ទៅកាន់ទំព័រ៖