ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ស្តាប់ធម៌ដោយគោរព ១ រៀនធម៌ដោយគោរព ១ ទ្រទ្រង់ធម៌ដោយគោរព ១ ពិចារណាអត្ថនៃធម៌ ដែលខ្លួនទ្រទ្រង់ហើយដោយគោរព ១ ដឹងអត្ថ ដឹងធម៌ហើយ ប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ដោយគោរព ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។
[៥៥] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្ម សាបសូន្យ អន្តរធានទៅ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ មិនរៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ មិនសំដែងធម៌តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដល់បុគ្គលដទៃ ដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ មិនបង្ហាញធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដល់បុគ្គលដទៃ ដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។
ID: 636853879038864346
ទៅកាន់ទំព័រ៖