ព្រះត្រៃបិដក ភាគ ៤៥
អាឃាតវគ្គ ទី២
[៦១] ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងដល់ភិក្ខុ ភិក្ខុត្រូវកំចាត់បង់ដោយសព្វគ្រប់ ព្រោះអាឃាតប្បដិវិន័យណា អាឃាតប្បដិវិន័យនេះ មាន៥យ៉ាង។ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើង ចំពោះបុគ្គលណា ភិក្ខុត្រូវចំរើនមេត្តាចិត្ត ចំពោះបុគ្គលនោះ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងចំពោះបុគ្គលណា ភិក្ខុត្រូវចំរើនករុណាចិត្ត ចំពោះបុគ្គលនោះ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើង ចំពោះបុគ្គលណា ភិក្ខុត្រូវចំរើនឧបេក្ខាចិត្ត ចំពោះបុគ្គលនោះ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងចំពោះបុគ្គលណា ភិក្ខុត្រូវប្រតិបត្តិ នូវការមិនធ្វើទុកក្នុងចិត្ត ដោយស្មារតីចំពោះបុគ្គលនោះ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១។
ID: 636853882577426740
ទៅកាន់ទំព័រ៖