ព្រះត្រៃបិដក ភាគ ៤៥
ឧបាសកវគ្គ
[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ឧបាសក ប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមានចិត្តចុះកាន់សេចក្តីញញើតញញើម។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកសម្លាប់សត្វ ១ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ជាអ្នកនិយាយពាក្យកុហក ១ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមានចិត្តចុះកាន់សេចក្តីញញើតញញើម។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លា។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺ ឧបាសកជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១
ID: 636853889845612457
ទៅកាន់ទំព័រ៖