ព្រះត្រៃបិដក ភាគ ៤៥
គិលានវគ្គ ទី៣
[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឯគិលានសាលា (មន្ទីរព្យាបាលជម្ងឺ)។ ព្រះអង្គបានឃើញភិក្ខុ ១ រូប មានជម្ងឺ កម្លាំងដាប លុះឃើញហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ស៊ប់ហើយ ទើបត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ (បើ) ធម៌ ៥ យ៉ាង មិនលះបង់ នូវបុគ្គលណាមួយ ដែលមានជម្ងឺកំឡាំងដាបទេ គុណវិសេសនុ៎ះ នឹងកើតប្រាកដដល់បុគ្គលនោះ គឺបុគ្គលនោះ មិនយូរប៉ុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ ក្នុងកាយថា មិនស្អាត ១ ជាអ្នកសំគាល់ ក្នុងអាហារ ថាជារបស់បដិកូល ១ ជាអ្នកសំគាល់ក្នុងលោកទាំងអស់ ថាជាសភាពមិនគួរត្រេកអរ ១ ជាអ្នកពិចារណាឃើញរឿយៗ ក្នុងសង្ខារទាំងពួងថា មិនទៀង ១ ទាំងមរណៈសញ្ញា របស់បុគ្គលនោះ ក៏តាំងនៅស៊ប់ ក្នុងសន្តាន ១។
ID: 636853864609659043
ទៅកាន់ទំព័រ៖