ព្រះត្រៃបិដក ភាគ ៤៥
តិកណ្ឌកីវគ្គ ទី៥
[៤១] ម្នាលភិក្ខុទាំងឡាយ បុគ្កល ៥ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៥ ពួក ដូចម្តេចខ្លះ។ គឺបុគ្គលឲ្យហើយ ត្រឡប់មើលងាយគេវិញ ១ មើលងាយព្រោះការនៅរួមគ្នា ១ មានការកាន់យកតាមពាក្យគេជាប្រមាណ ១ ជាអ្នកលេះឡោះ ១ ជាអ្នកល្ងង់ខ្លៅ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឲ្យហើយ ត្រឡប់មើលងាយគេវិញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ ឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យ ដល់អ្នកមានជម្ងឺ ដល់បុគ្គល (ដទៃ)។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ រមែងឲ្យ បុគ្គលនេះរមែងទទួល។ លុះឲ្យរួចហើយ ត្រឡប់មើលងាយអ្នកទទួលនោះវិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យហើយ ត្រឡប់មើលងាយគេវិញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមើលងាយ ព្រោះការនៅរួមគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ នៅរួមជាមួយនឹងបុគ្គលអស់ ២ រឺ ៣ ឆ្នាំ។ មើលងាយបុគ្គលនោះ ព្រោះការនៅរួមគ្នា ម្នាលភិក្ខុទាំងឡាយ បុគ្គលមើលងាយ ព្រោះការនៅរួមគ្នា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានការកាន់យកតាមពាក្យគេជាប្រមាណ តើដូចម្តេច។
ID: 636853873801684796
ទៅកាន់ទំព័រ៖