ព្រះត្រៃបិដក ភាគ ៤៥
ចតុត្ថបណ្ណាសក
សទ្ធម្មវគ្គ ទី១
[៥១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាម គឺមគ្គ ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺមើលងាយពាក្យពោល ១ មើលងាយបុគ្គលអ្នកពោល ១ មើលងាយខ្លួនឯង ១ មានចិត្តរវើរវាយស្តាប់ធម៌ ១ មានចិត្តមិននឹងនួននៅក្នុងអារម្មណ៍តែមួយ គឺមិនយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះ សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់ និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង កាលស្តាប់ព្រះសទ្ធម្ម គួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺមិនមើលងាយពាក្យពោល ១ មិនមើលងាយបុគ្គលអ្នកពោល ១ មិនមើលងាយខ្លួនឯង ១ មានចិត្តមិនរវើរវាយស្តាប់ធម៌ ១ មានចិត្តនឹងនួននៅក្នុងអារម្មណ៍តែមួយ គឺយកចិត្តទុកដាក់ដោយឧបាយប្រាជ្ញា ១។
ID: 636853878199566341
ទៅកាន់ទំព័រ៖