ព្រះត្រៃបិដក ភាគ ៤៦
សុត្តន្តបិដក
អង្គុត្តរនិកាយ ឆក្កនិបាត
សត្តមភាគ
សូមនមស្ការចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
បឋមបណ្ណាសក
អាហុនេយ្យវគ្គ
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ ដែលនៅក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
ID: 636853987393941902
ទៅកាន់ទំព័រ៖