ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ប្រកបដោយអង្គ ៦យ៉ាងនេះឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦យ៉ាង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងរូប ១។បេ។ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
[៨] ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ (ធម្មជាតដ៏ប្រសើរ) នេះ មាន ៦យ៉ាង។ អនុត្តរិយៈ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺ ទស្សនានុត្តរិយៈ ១ សវនានុត្តរិយៈ ១ លាភានុត្តរិយៈ ១ សិក្ខានុត្តរិយៈ ១ បារិចរិយានុត្តរិយៈ ១ អនុស្សតានុត្តរិយៈ ១។ ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ មាន ៦យ៉ាងនេះឯង។
ID: 636853989354744053
ទៅកាន់ទំព័រ៖