ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរព ក្នុងអប្បមាទធម៌១ សេចក្តីគោរពក្នុងបដិសន្ថារៈ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌៦យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយដូច្នេះ លុះនិយាយដូច្នេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើបទក្សិណ ហើយបាត់ក្នុងទីនោះឯង។
ភិក្ខុអ្នកគោរពក្នុងព្រះសាស្តា គោរពក្នុងព្រះធម៌ គោរពដ៏ក្លៀវក្លា ក្នុងព្រះសង្ឃ (គោរពក្នុងសិក្ខា) គោរពក្នុងសេចក្តីមិនប្រមាទ គោរពក្នុងបដិសន្ថារៈហើយ មិនគួរដើម្បីសាបសូន្យ រមែងតាំងនៅ ក្នុងទីជិតនៃព្រះនិព្វាន។
[៣៣] ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ មានទេវតា ១រូប កាលរាត្រីបឋមយាម កន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត
ID: 636854008995357432
ទៅកាន់ទំព័រ៖