ព្រះត្រៃបិដក ភាគ ៤៦
ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់លើអាសនៈ ដែលតិស្សព្រហ្មក្រាលប្រគេន។ ឯតិស្សព្រហ្ម ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុហើយ អង្គុយក្នុងទីសមគួរ។ លុះតិស្សព្រហ្ម អង្គុយក្នុងទីសមគួរហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានថេរវាចា យ៉ាងនេះថា ម្នាលតិស្សៈ ពួកទេវតា ណាហ្ន៎ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង បានត្រាស់ដឹងទៅខាងមុខ យ៉ាងនេះ ដែរឬទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកទេវតាជាន់ចាតុម្មហារាជិកៈ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងបានត្រាស់ដឹងទៅខាងមុខ យ៉ាងនេះដែរ។ ម្នាលតិស្សៈ ពួកទេវតាជាន់ចាតុម្មហារាជិកៈទាំងអស់ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាងនេះដែរ ឬដូចម្តេច។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកទេវតា ជាន់ចាតុម្មហារាជិកៈ មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខយ៉ាងនេះទាំងអស់គ្នាទេ។
ID: 636854009658795379
ទៅកាន់ទំព័រ៖