ព្រះត្រៃបិដក ភាគ ៤៦
សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងវិរាគានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុង និរោធានុបស្សនាញាណ ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលជាចំណែកនៃវិជ្ជា ៦យ៉ាង។
[៣៦] ម្នាលភិក្ខុទាំងឡាយ មូលហេតុនៃសេចក្តីវិវាទនេះ មាន៦យ៉ាង។ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ភិក្ខុនោះ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ជាអ្នកមិនធ្វើឲ្យបរិបូណ៌ ក្នុងសិក្ខាផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃ ជាអ្នកមិនធ្វើឲ្យបរិបូណ៌ ក្នុងសិក្ខាទេ ភិក្ខុនោះ រមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន មិនចំរើនដល់ជនច្រើន មិនជាប្រយោជន៍ ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។
ID: 636854010495453233
ទៅកាន់ទំព័រ៖