ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តា។បេ។ មិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាទេ ភិក្ខុនោះ រមែងបង្កវិវាទ ឲ្យកើតឡើងក្នុងព្រះសង្ឃ ដែលជាវិវាទប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចំរើនដល់ជនច្រើន មិនជាប្រយោជន៍ ជាទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅហើយ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បីលះបង់នូវវិវាទមូលដ៏លាមកនោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញនូវវិវាទមូល មានសភាពយ៉ាងនេះ ទាំងខាងក្នុង ទាំងខាងក្រៅទេ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ សមបីប្រតិបត្តិ ដើម្បីឲ្យវិវាទមូលដ៏លាមកនុ៎ះជាប់តាម តទៅទៀតបាន។ យ៉ាងនេះ ឈ្មោះថា ការលះបង់ចោល នូវវិវាទមូលដ៏លាមកនោះ។ យ៉ាងនេះ ឈ្មោះថា មានវិវាទមូលដ៏លាមកនុ៎ះ ជាប់តាមតទៅទៀត ១។ ម្នាលភិក្ខុទាំងឡាយ នេះហើយ ជាវិវាទមូល ៦យ៉ាង។
ID: 636854010954879510
ទៅកាន់ទំព័រ៖