ព្រះត្រៃបិដក ភាគ ៤៦
ចុះអង្គរបស់ទាយក ៣ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ទាយកជាអ្នកមានចិត្តត្រេកអរមុន អំពីកាលឲ្យ ១ កំពុងតែឲ្យ ធ្វើចិត្តឲ្យជ្រះថ្លា ១ លុះឲ្យហើយ មានចិត្តរីករាយ ១។ នេះជាអង្គទាយកមាន ៣។ អង្គរបស់បដិគ្គាហកៈទាំងឡាយ មាន ៣ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ពួកបដិគ្គាហកៈ ជាអ្នកប្រាសចាករាគៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់រាគៈ ១ ប្រាសចាកទោសៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់ទោសៈ ១ ប្រាសចាកមោហៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់មោហៈ ១។ នេះជាអង្គបដិគ្កាហកៈមាន៣។ អង្គរបស់ទាយក មាន ៣ អង្គរបស់បដិគ្គាហកៈមាន ៣ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ជាទានប្រកបដោយអង្គ ៦។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយកំណត់ នូវប្រមាណនៃបុណ្យ របស់ទាន ដែលប្រកបដោយអង្គ ៦ យ៉ាងនេះថា គំនរបុណ្យ គំនរកុសល ជាគ្រឿងនាំមកនូវសេចក្តីសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ជាប្រយោជន៍ ជាសុខបានឡើយ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា ជាគំនរបុណ្យច្រើនប៉ុណ្ណេះបាន។
ID: 636854011418086004
ទៅកាន់ទំព័រ៖