ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលដែលមិនងាយកំណត់ប្រមាណនូវទឹក ក្នុងមហាសមុទ្ទថា ទឹកប៉ុណ្ណេះអាឡ្ហកក្តី ទឹកប៉ុណ្ណេះរយអាឡ្ហកក្តី ទឹកប៉ុណ្ណេះពាន់អាឡ្ហកក្តី ទឹកប៉ុណ្ណេះសែនអាឡ្ហកក្តី បានឡើយ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា គំនរទឹកដ៏ច្រើនប៉ុណ្ណោះបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយកំណត់ប្រមាណនូវបុណ្យ នៃទានប្រកបដោយអង្គ ៦ យ៉ាង យ៉ាងនេះថា គំនរបុណ្យ គំនរកុសល ជាគ្រឿងនាំមកនូវសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ជាប្រយោជន៍ ជាសុខបានឡើយ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា ជាគំនរបុណ្យដ៏ច្រើនប៉ុណ្ណោះបាន ក៏យ៉ាងនោះដែរ។
ទាយកមានចិត្តរីករាយ ក្នុងវេលាមុនអំពីកាលឲ្យ កំពុងឲ្យ ធ្វើចិត្តឲ្យជ្រះថ្លា លុះឲ្យហើយ ក៏មានចិត្តត្រេកអរ (តាមក្រោយ) នេះជាសេចក្តីបរិបូណ៌របស់ទាន។
ID: 636854011676840804
ទៅកាន់ទំព័រ៖