ព្រះត្រៃបិដក ភាគ ៤៦
បុគ្គលអ្នកប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ ជាព្រហ្មចារី មានសេចក្តីសង្រួម ឈ្មោះថាជាខេត្តនៃទានដ៏បរិបូណ៌ (ដោយគុណ)។ បុគ្គលខ្វល់ខ្វាយដោយខ្លួនឯង ឲ្យទានដោយដៃរបស់ខ្លួន។ ទាននុ៎ះ ជាទានមានផលច្រើន ព្រោះខ្លួនផង ព្រោះបុគ្គលដទៃផង។ អ្នកប្រាជ្ញជាបណ្ឌិតអ្នកមានសទ្ធា មានចិត្តផុតស្រឡះ (ចាកសេចក្តីកំណាញ់) លុះឲ្យទានយ៉ាងនេះហើយ ក៏រមែងទៅកើតក្នុងទេវលោក ជាសុខ ឥតមានទុក្ខ។
[៣៨] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរួសរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យរួសរាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់យ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃបានឡើយ។ ម្នាលព្រាហ្មណ៍ តថាគតមិនដែលចួប មិនដែលឮ មនុស្សនិយាយយ៉ាងនេះ យល់យ៉ាងនេះឡើយ ហេតុអ្វីបានជាមនុស្សឈានដើរទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង
ID: 636854011958286902
ទៅកាន់ទំព័រ៖