ព្រះត្រៃបិដក ភាគ ៤៦
និយាយយ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ ដូច្នេះបាន។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច ការផ្គងនូវសេចក្តីព្យាយាម មានដែរឬទេ។ មានដែរ ព្រះអង្គ។ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មានសេចក្តីប្រារព្ធ រមែងប្រាកដឡើងដែរឬទេ។ មានដែរ ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មានសចក្តីប្រារព្ធ ប្រាកដដោយហេតុណា ហេតុនេះហើយ ជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ របស់សត្វទាំងឡាយ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច សេចក្តីព្យាយាម មានសភាពចេញចាកការខ្ជឹលច្រអូស មានដែរឬទេ។ប។ សេចក្តីប្រឹងប្រែង មានដែរឬទេ សេចក្តីរឹងប៉ឹង មានដែរឬទេ សេចក្តីមាំមួន មានដែរឬទេ សេចក្តីខ្វល់ខ្វាយ មានដែរឬទេ។ មានដែរ ព្រះអង្គ។ កាលបើមានសេចក្តីខ្វល់ខ្វាយហើយ សត្វទាំងឡាយ មានសេចក្តីខ្វល់ខ្វាយ ក៏រមែងប្រាកដឡើងដែរឬទេ។ មានប្រាកដដែរ ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលបើសេចក្តីខ្វល់ខ្វាយមានហើយ សត្វទាំងឡាយ មានសេចក្តីខ្វល់ខ្វាយ ប្រាកដឡើងដោយហេតុណា ហេតុនេះជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ របស់សត្វទាំងឡាយ
ID: 636854012170949066
ទៅកាន់ទំព័រ៖