ព្រះត្រៃបិដក ភាគ ៤៦
ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ ដោយព្រះអង្គឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ។បេ។ ត្រាស់ដឹងអរិយសច្ចទាំង ៤ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ ព្រះដ៏មានព្រះភាគនោះ ទ្រង់ញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក។បេ។ ការបានចួបប្រទះព្រះអរហន្តទាំងឡាយ។ គ្រាកាលរាត្រីនោះ កន្លងទៅហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ កាន់ខាទនីយភោជនីយាហារដ៏ច្រើន ចូលទៅក្នុងដងព្រៃឥច្ឆានង្គលៈ លុះចូលទៅដល់ហើយ ឋិតនៅខាងក្រៅខ្លោងទ្វារ រួចមានសំឡេងគឹកកងយ៉ាងខ្លាំង។ សម័យនោះ ព្រះនាគិតៈដ៏មានអាយុ ជាអ្នកត្រូវវេនបំរើព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរព្រះនាគិតៈដ៏មានអាយុថា នែនាគិតៈ ពួកជនណា ស្រែកហ៊ោគឹកកង ទំនងដូចជាព្រានសំណាញ់ ដណ្តើមត្រីគ្នា។ បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ គហបតី អ្នកស្រុកឥច្ឆានង្គលៈនុ៎ះ នាំយកខាទនីយភោជនីយាហារដ៏ច្រើនមុខ ហើយឈរខាងក្រៅខ្លោងទ្វារ ឧទ្ទិសចំពោះព្រះដ៏មានព្រះភាគផង ភិក្ខុសង្ឃផង។
ID: 636854013844034761
ទៅកាន់ទំព័រ៖