ព្រះត្រៃបិដក ភាគ ៤៦
បពិត្រព្រះអង្គដ៏ចំរើន ដូចជាភ្លៀង មានដំណក់ទឹកធំៗ បង្អុរចុះ ទឹករមែងហូរទៅកាន់ទីទំនាប យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណា ៗ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម ជនបទ នឹងបាក់បបទៅតាមព្រះដ៏មានព្រះភាគ ក្នុងទីនោះ ៗ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ មានសីល និងបញ្ញា។ ម្នាលនាគិតៈ តថាគតសុំកុំចួបនឹងយសបរិវារ ឯយសក៏កុំចួបប្រសប់នឹងតថាគត (យ៉ាងនេះ) ឡើយ។ ម្នាលនាគិតៈ តថាគតជាអ្នកបានសមតាមប្រាថ្នា បានងាយ បានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ បុគ្គលណា មិនបានសមតាមប្រាថ្នា មិនបានងាយ មិនបានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខនេះទេ បុគ្គលនោះ គប្បីត្រេកអរនឹងសុខកខ្វក់ សុខងុយងោក សុខប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាលនាគិតៈ ក្នុងទីឯណោះ តថាគតឃើញភិក្ខុ នៅក្នុងសេនាសនៈ នាចន្លោះស្រុក កំពុងអង្គុយចំរើនសមាធិ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ជនជាម្ចាស់អារាម នឹងបៀតបៀននូវលោកដ៏មានអាយុនេះ ឬក៏សាមណេរ មុខជាញ៉ាំងភិក្ខុនោះ ឲ្យឃ្លាតចាកសមាធិដែរឬទេ។
ID: 636854014234227078
ទៅកាន់ទំព័រ៖