ព្រះត្រៃបិដក ភាគ ៤៦
ម្នាលនាគិតៈ ហេតុនោះ តថាគតមិនពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងសេនាសនៈ នាចន្លោះស្រុក។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ កំពុងអង្គុយលក់ក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះបន្ទោបង់ នូវសេចក្តីលំបាក ក្នុងកិរិយាដេកលក់នេះ ហើយធ្វើមនសិការៈ នូវអរញ្ញសញ្ញា ឲ្យប្រសើរឯក។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុ អ្នកនៅក្នុងព្រៃ មិនអង្គុយចំរើនសមាធិក្នុងព្រៃទេ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះនឹងតាំងចិត្ត ដែលមិនទាន់ដល់សមាធិផង រក្សាចិត្តដែលបានដល់សមាធិហើយផង។ ម្នាលនាគិតៈ ហេតុនេះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ បានដល់សមាធិ ហើយអង្គុយនៅក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះ ញ៉ាំងចិត្តដែលមិនទាន់រួចស្រឡះ ឲ្យរួចស្រឡះផង រក្សាទុកនូវចិត្ត ដែលរួចស្រឡះហើយផង។
ID: 636854014511552940
ទៅកាន់ទំព័រ៖