ព្រះត្រៃបិដក ភាគ ៤៦
តបៈ គឺការសមាទាននូវវត្ត ព្រហ្មចរិយៈ គឺសីលប្រកបដោយអរិយមគ្គនោះ ជាជើងខាងក្រោយ របស់ពុទ្ធនាគ មហានាគ (នោះ) មានសទ្ធាជាប្រមោយ មានឧបេក្ខា ជាភ្លុកស មានសតិជាក មានបញ្ញាជាក្បាល ការគិតនូវធម៌ ទុកជាចុង (ប្រមោយ) មានធម៌ គឺចតុត្ថជ្ឈានសមាធិ ជាពោះសម្រាប់ចំអែតអាហារ មានសេចក្តីស្ងប់ស្ងាត់ ជាកន្ទុយរបស់ពុទ្ធនាគនោះ ពុទ្ធនាគនោះ មានឈាន មានសេចក្តីត្រេកអរ ក្នុងការដកដង្ហើមចេញ មានចិត្តដំកល់ខ្ជាប់ ក្នុងសន្តាន កាលពុទ្ធនាគដើរ ក៏មានចិត្តដំកល់ខ្ជាប់ កាលពុទ្ធនាគឈរ ក៏មានចិត្តដំកល់ខ្ជាប់ កាលពុទ្ធនាគសិង ក៏មានចិត្តដំកល់ខ្ជាប់ សូម្បីអង្គុយ ក៏មានចិត្តដំកល់ខ្ជាប់ ពុទ្ធនាគបានសង្រួម ក្នុងទ្វារទាំងអស់ នេះជាសម្បទានៃពុទ្ធនាគ។ ពុទ្ធនាគនោះ រមែងបរិភោគភោជន ដែលមិនមានទោស មិនបរិភោគភោជន ដែលមានទោស បានគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ តែងវៀរបង់នូវការសន្សំទុកដាក់
ID: 636854026132777636
ទៅកាន់ទំព័រ៖