ព្រះត្រៃបិដក ភាគ ៤៦
ផ្តាច់បង់នូវចំណង គឺសំយោជនៈតូច និងធំទាំងអស់ បើទៅត្រង់ទីណាៗ មិនអាឡោះអាល័យនូវទីនោះៗ។ ឈូកស ដែលដុះឡើង ចំរើនឡើងក្នុងទឹក មានក្លិនល្អ ជាទីត្រេកអរនៃចិត្ត មិនជាប់ដោយទឹក ដូចម្តេចមិញ ព្រះពុទ្ធទ្រង់កើតឡើងក្នុងលោក ទ្រង់គង់នៅក្នុងលោក ក៏មិនជាប់ដោយលោកឡើយ ដូចជាផ្កាឈូក មិនជាប់ដោយទឹក ដូច្នោះដែរ។ គំនរភ្លើងធំឆេះឡើង រមែងរលត់ទៅដោយមិនមានអាហារភ្លើង សង្ខារទាំងឡាយ ស្ងប់រម្ងាប់ទៅ ហៅថា រលត់ដូច្នេះ នេះជាសេចក្តីឧបមា ជាគ្រឿងពន្យល់ នូវសេចក្តីនោះ ដែលវិញ្ញុជនទាំងឡាយ បានសំដែងហើយ។ ពួកមហានាគ រមែងដឹងច្បាស់នូវវត្ថុដ៏ប្រសើរ ដែលពុទ្ធនាគ បានសំដែងហើយ ពុទ្ធនាគ ដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ លះបង់នូវសរីរៈ ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។
ID: 636854026457756224
ទៅកាន់ទំព័រ៖