ព្រះត្រៃបិដក ភាគ ៤៦
ជាអ្នកស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅជាមួយនឹងបុគ្គលនោះ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ គឺបីតិ និងបាមោជ្ជៈ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ជាអ្នកដល់នូវគុណវិសេស មិនដល់នូវសេចក្តីសាបសូន្យ។ មា្នលអានន្ទ បុគ្គលអ្នកកាន់យកប្រមាណក្នុងធម៌នោះ រមែងដឹងប្រមាណថា នោះជាធម៌របស់អ្នកនេះ នោះជាធម៌របស់អ្នកឯទៀត ហេតុដូចម្តេច បានជាអ្នកទាំងនោះ មានធម៌មួយថោកទាប មានធម៌មួយឧត្តម។ ម្នាលអានន្ទ ព្រោះថា ដំណើរនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលទាំងនោះ។ ម្នាលអានន្ទ ក្នុងរឿងនោះ បុគ្គលណាជាអ្នកស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅ ជាមួយនឹងបុគ្គលនោះ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះ ដោយទិដ្ឋិផង បាននូវវិមុត្តិ គឺ បីតិ និងបាមោជ្ជៈ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។
ID: 636854357325890799
ទៅកាន់ទំព័រ៖