ព្រះត្រៃបិដក ភាគ ៤៦
ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាលបើគេដេញតាមទារ ក៏មិនបានឲ្យគេ គេរមែងចងនូវបុគ្គលនោះ ដោយចំណងណា ម្នាលភិក្ខុទាំងឡាយ ចំណងនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទ័លក្រក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការកាន់យក នូវបំណុលក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក អំពើចងការក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការតឹងទារក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការដេញតាមទារក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការចងក្តី ក៏សុទ្ធតែជាទុក្ខ នៃកាមភោគីបុគ្គលក្នុងលោកដោយពិត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ មិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិនមានវីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញា ក្នុងកុសលធម៌ ក៏យ៉ាងដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ ក្នុងអរិយវិន័យ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រនោះឯង មិនមានវត្ថុជារបស់ខ្លួន
ID: 636854358644066194
ទៅកាន់ទំព័រ៖