ព្រះត្រៃបិដក ភាគ ៤៦
មិនបានជាបុគ្គលស្តុកស្តម្ភ កាលបើមិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិនមានវីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញា ក្នុងកុសលធម៌ហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ តថាគត ពោលនូវអំពើនេះ ថាជាការកាន់យក នូវបំណុលរបស់បុគ្គលនោះ។ បុគ្គលនោះ រមែងដំកល់ទុក នូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុតែការបិទបាំង នូវកាយទុច្ចរិតនោះ ប្រាថ្នាមិនឲ្យជនណាស្គាល់ខ្លួន ត្រិះរិះមិនឲ្យជនណាស្គាល់ខ្លួន ពោលនូវវាចាមិនឲ្យជនណាស្គាល់ខ្លួន ប្រឹងប្រែងដោយកាយ មិនឲ្យជនណាស្គាល់ខ្លួនឡើយ។ បុគ្គលនោះ ព្រោះហេតុតែការបិទបាំង នូវទុច្ចរិតនោះ។បេ។ បុគ្គលនោះ រមែងដំកល់នូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុតែការបិទបាំង នូវមនោទុច្ចរិតនោះ ប្រាថ្នាមិនឲ្យជនណាស្គាល់ខ្លួន ត្រិះរិះមិនឲ្យជនណាស្គាល់ខ្លួន ពោលនូវវាចាមិនឲ្យជនណាស្គាល់ខ្លួន ប្រឹងប្រែងដោយកាយ មិនឲ្យជនណាស្គាល់ខ្លួនឡើយ។ តថាគត ពោលនូវអំពើនេះថា ជាអំពើចងការ របស់បុគ្គលនោះ។
ID: 636854358921752077
ទៅកាន់ទំព័រ៖