ព្រះត្រៃបិដក ភាគ ៤៦
ពួកសព្រហ្មចារី បុគ្គលអ្នកមានសីលជាទីស្រឡាញ់ និយាយចោទបុគ្គលនោះ យ៉ាងនេះថា នេះឯង គឺអ្នកដ៏មានអាយុនោះ ជាអ្នកធ្វើយ៉ាងនេះ មានសមាចារៈយ៉ាងនេះ។ តថាគត ពោលនូវអំពើនេះ ថាជាការតឹងទារ របស់បុគ្គលនោះ។ អកុសលវិតក្កៈដ៏លាមក ដែលប្រកបដោយសេចក្តីក្តៅក្រហាយ រមែងផុះផុលឡើង ចំពោះបុគ្គលនោះ ដែលនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី តថាគតពោលនូវអំពើនេះថា ជាការដេញតាមរបស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រនោះឯង មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងជាប់នៅក្នុងចំណង គឺនរក ឬក្នុងចំណង គឺកំណើតតិរច្ឆាន។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលឃើញ នូវចំណងដទៃណាមួយ អាក្រក់យ៉ាងនេះ នាំមកនូវសេចក្តីទុក្ខយ៉ាងនេះ ធ្វើនូវសេចក្តីអន្តរាយយ៉ាងនេះ ដល់ការបាននូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរទេ ម្នាលភិក្ខុទាំងឡាយ ដូចជាចំណង គឺនរក ឬចំណង គឺកំណើតតិរច្ឆាននេះឡើយ។
សេចក្តីទ័លក្រក្តី ការកាន់យកនូវបំណុលក្តី ហៅថាជាទុក្ខក្នុងលោក បុគ្គលទ័លក្រ កាន់យកនូវបំណុលមកបរិភោគ រមែងលំបាក
ID: 636854359170176286
ទៅកាន់ទំព័រ៖