ព្រះត្រៃបិដក ភាគ ៤៦
បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថាជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេច នូវធម្មស្សោតៈ គឺវិបស្សនា ចំរើនសង្ឃានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវសីលរបស់ខ្លួន ដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរួចខ្លួន គឺ មិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវករលឹករឿយៗ នូវសីលរបស់ខ្លួន ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវសីល។
ID: 636853990442496269
ទៅកាន់ទំព័រ៖