ព្រះត្រៃបិដក ភាគ ៤៦
អ្នកមានប្រាជ្ញា រមែងផុតស្រឡះ ចាកចំណងដែលជាទុក្ខនុ៎ះ។ បុគ្គលញ៉ាំងចិត្តឲ្យជ្រះថ្លាហើយ ឲ្យទានដោយភោគៈ ដែលបានមកដោយធម៌ ការកាន់យកជំនះ ក្នុងធម៌ទាំងពីរនោះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខ ក្នុងបរលោកផង របស់បុគ្គលអ្នកមានសទ្ធា ជាអ្នកស្វែងរកផ្ទះ បុណ្យ គឺការបរិច្ចាគនុ៎ះ រមែងចំរើនដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។ ក្នុងអរិយវិន័យ បុគ្គលណា មានសទ្ធាដំកល់នៅ មានហិរិ មានឱត្តប្បៈ មានបញ្ញា សង្រួមក្នុងសីល បុគ្គលនុ៎ះឯង ទើបហៅថា រស់នៅជាសុខ ក្នុងអរិយវិន័យ។ បុគ្គលបាននូវសេចក្តីសុខ ប្រាសចាសអាមិសៈ រមែងដំកល់ចិត្តជាឧបេក្ខា លះបង់នូវនីវរណៈទាំង ៥ ហើយប្រារព្ធសេចក្តីព្យាយាមជានិច្ច បានដល់នូវឈានទាំងឡាយ ជាបុគ្គលមានចិត្តខ្ពស់ឯក មានបញ្ញា មានស្មារតី ចិត្តក៏ផុតស្រឡះដោយប្រពៃ ព្រោះដឹងនូវហេតុនុ៎ះតាមពិត ព្រោះមិនបានប្រកាន់យក ដោយប្រការៈទាំងពួង ក្នុងការអស់ទៅ នៃសំយោជនៈទាំងពួង។
ID: 636854359702096710
ទៅកាន់ទំព័រ៖