ព្រះត្រៃបិដក ភាគ ៤៦
តថាគត នឹងសួរតបទៅអ្នកវិញ ក្នុងហេតុនុ៎ះ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយសេចក្តីនោះ យ៉ាងនោះចុះ។ ម្នាលសិវកៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច កាលលោភៈមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈ មានក្នុងសន្តានរបស់អាត្មាអញ កាលលោភៈមិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈមិនមានក្នុងសន្តានរបស់អាត្មាអញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសិវកៈ កាលលោភៈមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈមានក្នុងសន្តានរបស់អាត្មាអញ កាលលោភៈមិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈមិនមានក្នុងសន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាលសិវកៈ យ៉ាងនេះឯងហៅថា សន្ទិដ្ឋិកធម៌។បេ។ ម្នាលសិវកៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច កាលទោសៈ មានក្នុងសន្តានក្តី។បេ។ កាលមោហៈមានក្នុងសន្តានក្តី កាលលោភធម៌ មានក្នុងសន្តានក្តី ទោសធម៌មានក្នុងសន្តានក្តី មោហធម៌មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មានក្នុងសន្តានរបស់អាត្មាអញ កាលមោហធម៌ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មិនមានក្នុងសន្តានរបស់អាត្មាអញដែរឬ។
ID: 636854361232574249
ទៅកាន់ទំព័រ៖