ព្រះត្រៃបិដក ភាគ ៤៦
ព្រះករុណា ព្រះអង្គ។ ម្នាលសិវកៈ កាលមោហធម៌ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មានក្នុងសន្តានរបស់អាត្មាអញ កាលមោហធម៌ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មិនមានក្នុងសន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាលសិវកៈ យ៉ាងនេះឯង ហៅថា សន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌។ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់លាស់ពេកណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។
[៤៨] លំដាប់នោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ដែលហៅថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ បពិត្រព្រះគោតមដ៏ចំរើន ចុះសន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគតនឹងសួរតបទៅអ្នកវិញ ក្នុងហេតុនុ៎ះ
ID: 636854361525020976
ទៅកាន់ទំព័រ៖