ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ ដូចដើមឈើ ដែលវិបត្តិចាកមែក និងស្លឹក ក្រមរ នៃដើមឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ក៏មិនដល់នូវការពេញលេញ ស្រាយក្តី ក៏មិនដល់នូវការពេញលេញ ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើឥន្រ្ទិយសំវរៈ មិនមានហើយ សីលនៃបុគ្គលដែលវិបត្តិ ចាកឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើឥន្រ្ទិយសំវរៈ មានហើយ សីលនៃបុគ្គលដែលបរិបូណ៌ ដោយឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើសីលមានហើយ សម្មាសមាធិ នៃបុគ្គលដែលបរិបូណ៌ដោយសីល ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើសម្មាសមាធិ មានហើយ យថាភូតញ្ញាណទស្សនៈ នៃបុគ្គលដែលបរិបូណ៌ ដោយសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើយថាភូតញ្ញាណទស្សនៈ មានហើយ និព្វិទាវិរាគៈ នៃបុគ្គលដែលបរិបូណ៌ ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើនិព្វិទាវិរាគៈ មានហើយ វិមុត្តិញ្ញាណទស្សនៈ នៃបុគ្គលដែលបរិបូណ៌ដោយនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ដែរ។
ID: 636854363032667208
ទៅកាន់ទំព័រ៖