ព្រះត្រៃបិដក ភាគ ៤៦
[៥២] គ្រានោះ ជាណុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកក្សត្រ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាលព្រាហ្មណ៍ ពួកក្សត្រ មានភោគៈ ជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានពួកពល ជាទីតាំងមាំ មានប្រថពី ជាទីប្រកាន់ មានឥស្សរិយៈ ជាទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន ចុះពួកព្រាហ្មណ៍ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ មា្នលព្រាហ្មណ៍ ពួកព្រាហ្មណ៍ មានភោគៈ ជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានមន្ត ជាទីតាំងមាំ មានការបូជា ជាទីប្រកាន់ មានព្រហ្មលោក ជាទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន ចុះពួកគហបតី មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាលព្រាហ្មណ៍ ពួកគហបតី មានភោគៈ ជាទីប្រាថ្នា
ID: 636854364143280731
ទៅកាន់ទំព័រ៖