ព្រះត្រៃបិដក ភាគ ៤៦
មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ ក៏រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវចាគៈ។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើននូវចាគានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយវិញទៀត អរិយសាវក ចំរើននូវទេវតានុស្សតិថា ទេវតាទាំងឡាយ ជាន់ចាតុម្មហារាជិកៈក៏មាន ទេវតាទាំងឡាយជាន់តាវត្តឹង្សក៏មាន ទេវតាទាំងឡាយជាន់យាមៈក៏មាន ទេវតាទាំងឡាយជាន់តុសិតក៏មាន ទេវតាទាំងឡាយ ជាន់និម្មានរតីក៏មាន ទេវតាទាំងឡាយ ជាន់បរនិម្មិតវសវត្តីក៏មាន ទេវតាទាំងឡាយជាព្រហ្មកាយិកៈក៏មាន ទេវតាទាំងឡាយខ្ពស់លើសជាងនោះក៏មាន
ID: 636853990809587266
ទៅកាន់ទំព័រ៖