ព្រះត្រៃបិដក ភាគ ៤៦
ឯអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់អាវាសចោលអស់។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា ច្បាស់ជាព្រះធម្មិកៈ ដ៏មានអាយុនេះឯង ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស នូវពួកអាគន្តុកភិក្ខុ ដោយវាចា បានជាអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ បើដូច្នោះ យើងទាំងឡាយ ត្រូវបណ្តេញព្រះធម្មិកៈ ដ៏មានអាយុចេញ។
ID: 636854365503668541
ទៅកាន់ទំព័រ៖