ព្រះត្រៃបិដក ភាគ ៤៦
ឯអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ វេលានោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា។បេ។ បើដូច្នោះ យើងទាំងឡាយ ត្រូវតែបណ្តេញព្រះធម្មិកៈដ៏មានអាយុ ឲ្យចេញចាកអាវាស គ្រប់ទាំង៧ ក្នុងជាតិភូមិ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះធម្មិកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ចូរព្រះធម្មិកៈដ៏មានអាយុ ចៀសចេញ ចាកអាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិទៅ។
ID: 636854366232440225
ទៅកាន់ទំព័រ៖