ព្រះត្រៃបិដក ភាគ ៤៦
ម្នាលព្រាហ្មណ៍ធម្មិកៈ លំដាប់នោះ សក្កទេវានមិន្ទៈ ចូលទៅរកទេវតា ដែលនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ លុះចូលទៅដល់ហើយ បាននិយាយនឹងទេវតា ដែលនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ ថា នែទេវតា អ្នកដល់នូវសេចក្តីទុក្ខ តូចចិត្ត មានមុខជោកដោយទឹកភ្នែក ទួញយំឈរនៅក្នុងទីសមគួរ ដោយហេតុដូចម្តេចហ្ន៎។ ម្នាលអ្នកនិទ៌ុក្ខ ដ្បិតខ្យល់ និងភ្លៀងខ្លាំង បក់បោកពិភពរបស់ខ្ញុំឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើ។ ម្នាលទេវតា អ្នកឋិតនៅក្នុងរុក្ខធម៌ហើយ ខ្យល់ និងភ្លៀងដ៏ខ្លាំង បក់បោកពិភពឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើដែរឬ។ ម្នាលអ្នកនិទ៌ុក្ខ ចុះដើមឈើឋិតនៅក្នុងរុក្ខធម៌ ដូចម្តេច។ ម្នាលទេវតា ក្នុងលោកនេះ ពួកជនអ្នកត្រូវការដោយឫសឈើ តែងនាំយកឫសទៅ អ្នកត្រូវការដោយសម្បក តែងនាំយកសម្បកទៅ អ្នកត្រូវការដោយស្លឹក តែងនាំយកស្លឹកទៅ អ្នកត្រូវការដោយផ្កា តែងនាំយកផ្កាទៅ អ្នកត្រូវការដោយផ្លែ តែងនាំយកផ្លែទៅ ព្រោះហេតុនោះ ទេវតា មិនត្រូវធ្វើនូវសេចក្តីតូចចិត្តផង នូវសេចក្តីមិនត្រេកអរផងទេ ម្នាលទេវតា យ៉ាងនេះឯង ហៅថា ដើមឈើឋិតនៅក្នុងរុក្ខធម៌។ ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំមិនបានឋិតនៅក្នុងរុក្ខធម៌ហើយ បានជាខ្យល់ និងភ្លៀងដ៏ខ្លាំងបក់បោកពិភពឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើ។
ID: 636854384031208256
ទៅកាន់ទំព័រ៖