ព្រះត្រៃបិដក ភាគ ៤៦
ក៏ស្រាប់តែបាត់អំពីភ្នំគិជ្ឈកូដ មកប្រតិស្ថាន ក្នុងទីចំពោះមុខ នៃព្រះសោណៈដ៏មានអាយុ នាព្រៃសីតវន ដូចបុរសមានកំឡាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើពុទ្ធាសនៈ ដែលគេក្រាលថ្វាយ។ ឯព្រះសោណៈដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរយ៉ាងនេះថា នែសោណៈ ក្រែងអ្នកសម្ងំនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះក្នុងចិត្ត កើតឡើងយ៉ាងនេះថា ពួកភិក្ខុណាមួយ ជាសាវករបស់ព្រះដ៏មានព្រះភាគ ជាអ្នកមានព្យាយាមតឹងតែង បណ្តាភិក្ខុទាំងនោះ អញក៏រាប់ថា ជាសាវក ដែលមានព្យាយាមតឹងតែងមួយដែរ តែបើទុកជាដូច្នោះ ចិត្តរបស់អញ ក៏មិនរួចស្រឡះ ចាកកងអាសវៈ ព្រោះមិនប្រកាន់មាំបានឡើយ ណ្ហើយ ភោគសម្បត្តិ ក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញក៏អាចប្រើប្រាស់ភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយបានផង បើដូច្នោះ គួរតែអញលានូវសិក្ខា វិលត្រឡប់មកកាន់ហីនភេទវិញ ហើយគប្បីប្រើប្រាស់ នូវភោគសម្បត្តិផង ធ្វើនូវបុណ្យទាំងឡាយផង ដូច្នេះមែនឬ។
ID: 636854386332429878
ទៅកាន់ទំព័រ៖