ព្រះត្រៃបិដក ភាគ ៤៦
បពិត្រព្រះអង្គដ៏ចំរើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកនេះ កាលប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរក៏ដោយ ក៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់ឃើញ យ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បើទុកជាមិនបានពិចារណា នូវសោឡសកិច្ចរបស់ខ្លួន ឬនូវការសន្សំរបស់ខ្លួន ដែលបានធ្វើហើយទេ ក៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ គ៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ។ បពិត្រព្រះអង្គដ៏ចំរើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកនេះ កាលត្រឡប់មកកាន់សីលព្វតបរាមាសៈ ថាជាធម៌មានខ្លឹមក៏ដោយ ក៏គង់ជាអ្នកមានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ។
ID: 636854387812954559
ទៅកាន់ទំព័រ៖