ព្រះត្រៃបិដក ភាគ ៤៦
អាសនៈនេះ ដែលភិក្ខុឯទៀត ក្រាលបម្រុងទុក មានហើយ តថាគត នឹងអង្គុយលើអាសនៈនោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះព្រះដ៏មានព្រះភាគគង់ហើយ បានត្រាស់សួរព្រះផគ្គុណៈដ៏មានអាយុ យ៉ាងនេះថា ម្នាលផគ្គុណៈ អ្នកល្មមអត់ធន់បានទេឬ អ្នកល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនា (របស់អ្នក) ធូរថយ មិនចំរើនឡើង សេចក្តីធូរថយ រមែងប្រាកដ ការចំរើនឡើង មិនប្រាកដទេឬ។ ព្រះផគ្គុណៈ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង យកដែកស្រួចដ៏មុត មកចាក់ទំលុះក្បាល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្យល់យ៉ាងខ្លាំង តែងចាក់ដោតក្នុងក្បាល (របស់ខ្ញុំព្រះអង្គ) ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់
ID: 636854389030294187
ទៅកាន់ទំព័រ៖