ព្រះត្រៃបិដក ភាគ ៤៦
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើន ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើព្រះផគ្គុណៈដ៏មានអាយុ ឲ្យយល់ឃើញច្បាស់ ឲ្យជឿកាន់តាម ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេចចៀសចេញទៅ។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់ស្តេចចេញទៅ មិនយូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួលមរណភាព ក៏ក្នុងសម័យជាកាលជិតមរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏ជ្រះថ្លា។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះអង្គ ទ្រង់ស្តេចចេញមក មិនយូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួលមរណភាព ប៉ុន្តែសម័យជាកាលជិតមរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏ជ្រះថ្លា។
ID: 636854389403685544
ទៅកាន់ទំព័រ៖