ព្រះត្រៃបិដក ភាគ ៤៦

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ឱ​អានន្ទ​ ​ឥន្រ្ទិយ​ទាំងឡាយ​ ​របស់​ផគ្គុណ​ភិក្ខុ​ ​នឹង​មិន​ជ្រះថ្លា​ឯណា​បាន​ ​ម្នាល​អានន្ទ​ ​ចិត្ត​របស់​ផគ្គុណ​ភិក្ខុ​ ​ជា​ចិត្ត​មិនទាន់​ផុត​ស្រឡះ​ ​ចាក​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥យ៉ាង​ទេ​ ​ប៉ុន្តែ​ចិត្ត​របស់​លោក​ ​ផុត​ស្រឡះ​ចាក​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​យ៉ាង​បាន​វិញ​ ​ព្រោះ​ស្តាប់​ធម្មទេសនា​នោះ​។​ ​ម្នាល​អានន្ទ​ ​អានិសង្ស​ ​ក្នុង​ការ​ស្តាប់ធម៌​ ​តាមកាល​គួរ​ ​ក្នុង​ការពិចារណា​សេចក្តី​ ​តាមកាល​គួរ​នេះ​ ​មាន​ ​៦​ ​យ៉ាង​។​ ​អានិសង្ស​ ​៦​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​មិនទាន់​ផុត​ស្រឡះ​ ​ចាក​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​យ៉ាង​ទេ​ ​ប៉ុន្តែ​ក្នុង​សម័យ​ជា​កាល​ជិត​មរណៈ​នោះ​ ​ភិក្ខុ​នោះ​ ​បាន​ចួប​ប្រទះ​ព្រះ​តថាគត​ ​ព្រះ​តថាគត​សំដែងធម៌​ ​មាន​ពីរោះ​បទ​ដើម​ ​បទ​កណ្តាល​ ​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​ដោយ​ព្យញ្ជនៈ​ ​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិសុទ្ធ​ពេញលេញ​ទាំងអស់​ ​ដល់​ភិក្ខុ​នោះ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ក៏​ផុត​ស្រឡះ​ ​ចាក​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​យ៉ាង​បាន​ ​ព្រោះ​ស្តាប់​ធម្មទេសនា​នោះ​ ​ម្នាល​អានន្ទ​ ​នេះ​ជា​អានិសង្ស​ ​ទី១​ ​ក្នុង​ការ​ស្តាប់ធម៌​ ​តាមកាល​គួរ​។​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636854389663200387
ទៅកាន់ទំព័រ៖