ព្រះត្រៃបិដក ភាគ ៤៦
កាលភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក ចិត្តក៏ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបាន ម្នាលអានន្ទ នេះជាអានិសង្ស ទី៣ ក្នុងការពិចារណាសេចក្តី តាមកាលគួរ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ បានចួបប្រទះព្រះតថាគត ទាំងព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម បទកណ្តាល។បេ។ ប្រកាសព្រហ្មចរិយធម៌ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ព្រោះស្តាប់ធម្មទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៤ ក្នុងការស្តាប់ធម៌តាមកាលគួរ។ ម្នាលអានន្ទ មួយទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ
ID: 636854390020450821
ទៅកាន់ទំព័រ៖