ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអានន្ទ នេះជាអានិសង្ស ទី៦ ក្នុងការពិចារណាសេចក្តី តាមកាលគួរ។ ម្នាលអានន្ទ អានិសង្ស ក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការពិចារណាធម៌ តាមកាលគួរ មាន ៦ យ៉ាងនេះឯង។
[៥៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បញ្ញត្តជាតិកំណើត ៦ យ៉ាង គឺ បញ្ញត្តជាតិខ្មៅ ១ បញ្ញត្តជាតិខៀវ ១ បញ្ញត្តជាតិក្រហម ១ បញ្ញត្តជាតិលឿង ១ បញ្ញត្តជាតិស ១ បញ្ញត្តជាតិសសុទ្ធ ១។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកជនអ្នកសម្លាប់ពពែ អ្នកសម្លាប់ជ្រូក អ្នកសម្លាប់សត្វបក្សី អ្នកសម្លាប់ម្រឹគ ពួកព្រាន ពួកអ្នកសម្លាប់ត្រី ពួកចោរ ពួកអ្នកសម្លាប់ចោរ ពួកអ្នកជាប់គុក ឬក៏ពួកជនណាមួយក្រៅពីនេះ ដែលមានអំពើអាក្រក់ ថាជាជាតិខ្មៅ។
ID: 636854390534970250
ទៅកាន់ទំព័រ៖