ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអានន្ទ ដូចជាបុរសទ័លក្រ មិនមានទ្រព្យរបស់ខ្លួន ជាអ្នកមិនស្តុកស្តម្ភ ពួកជនឯទៀត ជម្រុញឲ្យចំណែកសាច់ ដល់បុរសនោះ ដែលជាអ្នកមិនត្រូវការ ដោយបង្ខំថា នែបុរសអឺយ អ្នកត្រូវទំពាស៊ីសាច់នេះផង ត្រូវប្រគល់ឲ្យនូវថ្លៃផង យ៉ាងណាមិញ ម្នាលអានន្ទ បូរណកស្សប ជាមនុស្សពាល មិនវាងវៃ មិនស្គាល់ខេត្ត (នៃការបញ្ញត្តិជាតិ) មិនឆ្លៀវឆ្លាស បានបញ្ញត្តជាតិ ៦ យ៉ាងនេះ របស់ពួកសមណព្រាហ្មណ៍ទាំងនុ៎ះ ដោយគេមិនបានយល់ព្រម ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ ឥឡូវនេះ តថាគត នឹងបញ្ញត្តជាតិ ៦ យ៉ាង អ្នកចូរស្តាប់បញ្ញត្តនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ចុះជាតិ ៦ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ប្រព្រឹត្តធម៌ ស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ប្រព្រឹត្តធម៌ខ្មៅ ១
ID: 636854390918652195
ទៅកាន់ទំព័រ៖