ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ប្រព្រឹត្តធម៌ ស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស ១។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ តើយ៉ាងណា។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលថោកទាប គឺត្រកូលចណ្ឌាល ឬត្រកូលនេសាទ ត្រកូលជាងផែង ត្រកូលជាងរថ ត្រកូលអ្នកយកសម្រាម ជាត្រកូលក្រីក្រ មិនមានបាយទឹក និងគ្រឿងប្រើប្រាស់ រស់នៅដោយលំបាក ដែលជាត្រកូលរកគ្រឿងបរិភោគ និងគ្រឿងស្លៀកពាក់បានដោយក្រ បុគ្គលនោះឯង ជាអ្នកមានសម្បុរអាក្រក់ លំបាកមើល ជាបុគ្គលទាប តឿ មានអាពាធច្រើន ជាបុគ្គលខ្វាក់ ឬក្ងែង ខ្ចក ស្លាប់អវយវៈ ជាអ្នកមិនសូវបាននូវបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។
ID: 636854391091552084
ទៅកាន់ទំព័រ៖