ព្រះត្រៃបិដក ភាគ ៤៦
[៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការសង្រួម អាសវៈទាំងឡាយនោះ ភិក្ខុក្នុងសាសនានេះ បានលះបង់ហើយ ដោយការសង្រួម ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការសេព (នូវបច្ច័យ) អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការសេព ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការអត់ធន់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការអត់ធន់ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការវៀរ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការវៀរ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការបន្ទោបង់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការបន្ទោបង់ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការចំរើន អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការចំរើន ១។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយ ដូចម្តេច ដែលត្រូវលះបង់ ដោយការសង្រួម ភិក្ខុបានលះបង់ដោយការសង្រួម។
ID: 636854392169443736
ទៅកាន់ទំព័រ៖