ព្រះត្រៃបិដក ភាគ ៤៦
ជាបុគ្គលអត់ធន់ ចំពោះសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និងពាក្យទ្រគោះ អាក្រក់ដែលអាស្រ័យ នូវសរីរៈជាទុក្ខក្លាខ្លាំង ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាវេទនាអាចនាំយកជីវិតទៅបាន ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនអត់ធន់ (ចំពោះហេតុណាមួយទេ) អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានអត់ធន់ (នូវហេតុណាមួយ) អាសវៈដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈ ដែលត្រូវលះបង់ ដោយការអត់ធន់ ភិក្ខុក៏បានលះបង់ ដោយការអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការវៀរ ភិក្ខុបានលះបង់ ដោយការវៀរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយចៀសវាងដំរីកាច ចៀសវាងសេះកាច ចៀសវាងគោកាច ចៀសវាងឆ្កែកាច ពស់ ដង្គត់ឈើ ចម្រូងបន្លា
ID: 636854392977089931
ទៅកាន់ទំព័រ៖